
ពេលអ្នកបើកកម្មវិធីដូចជា Netflix, Spotify ឬក៏ចូលលេងហ្គេមផ្សេងៗ អ្នកតែងតែឃើញផ្ទៃកម្មវិធីមានពណ៌ខ្មៅ ឬប្រផេះងងឹត។ ក្រៅពីមើលទៅឡូយ និងទាក់ទាញ ការរចនាបែបនេះមានហេតុផលធំមួយនៅពីក្រោយ គឺដើម្បីជួយការពារភ្នែករបស់យើង ឲ្យយើងអាចប្រើកម្មវិធីហ្នឹងបានកាន់តែយូរ។
នេះគឺជាហេតុផលសាមញ្ញៗ ដែលពន្យល់ថាហេតុអ្វីបានជា Dark Mode (ផ្ទៃងងឹត) អាចទាក់ទាញអ្នកប្រើប្រាស់ឲ្យនៅក្នុងវេបសាយបានយូរ៖
សាកស្រមៃមើលថា ពេលយើងកំពុងគេងក្នុងបន្ទប់ងងឹត ឬបិទភ្លើងអស់ ហើយបើកមើលវេបសាយដែលមានផ្ទៃពណ៌សក្បុស... វាចាំងខ្លាំងដូចយើងមើលទៅពន្លឺពិលអញ្ចឹង!
ពេលនោះភ្នែកយើងត្រូវប្រឹងខ្លាំង ដើម្បីទប់ទល់នឹងពន្លឺចាំងនោះ។ យូរៗទៅ វាធ្វើឲ្យយើងឆាប់ចុកភ្នែក ស្ងួតភ្នែក ឬរហូតដល់ឈឺក្បាលក៏មាន។ ពេលដែលភ្នែកយើងចាប់ផ្តើមហត់ ប្រតិកម្មធម្មជាតិរបស់យើង គឺប្រាកដជាបិទទូរស័ព្ទ ឬបិទវេបសាយនោះចោលហើយ។ អេក្រង់ដែលភ្លឺពេក ពិតជាធ្វើឲ្យយើងមិនអាចមើលវាបានយូរទេ។
Dark Mode ជួយដោះស្រាយបញ្ហានេះបានយ៉ាងល្អឥតខ្ចោះ។ ការប្រើពណ៌ខ្មៅ ឬប្រផេះងងឹត ជាផ្ទៃខាងក្រោយ បានជួយកាត់បន្ថយពន្លឺចាំងចូលភ្នែកយ៉ាងច្រើន។
នេះហើយជាអាថ៌កំបាំងដែលធ្វើឲ្យយើងអាចស្នាក់នៅលើវេបសាយបានយូរ៖ យើងអាចសម្លឹងមើលអេក្រង់ងងឹតបានរាប់ម៉ោង ដោយមិនសូវហត់ ឬចុកភ្នែក។
ដោយសារតែភ្នែករបស់យើងមិនបាច់ប្រឹងប្រឆាំងនឹងពន្លឺ យើងអាចអូសមើលផ្ទាំងរឿង (Posters) អានសាច់រឿងត្រួសៗ និងមើលវីដេអូបានយ៉ាងយូរដោយគ្មានបញ្ហា។ ម្យ៉ាងទៀត ផ្ទៃពណ៌ខ្មៅ ក៏ជួយរុញឲ្យរូបភាពពណ៌ស្អាតៗរបស់រឿងនីមួយៗ កាន់តែលេចធ្លោ និងទាក់ទាញភ្នែកយើងផងដែរ។
ក្នុងការបង្កើត App ឬវេបសាយ (UX/UI Design) ការរៀបចំឲ្យងាយស្រួលចុច គឺជារឿងសំខាន់ណាស់ទៅហើយ តែការរចនាឲ្យ "ស្រួលមើល" គឺរឹតតែសំខាន់។
មិនថាអ្នកកំពុងឌីសាញ App សម្រាប់មើលរឿង ទិញកាតហ្គេម ឬ App កក់សំបុត្រកុននោះទេ ក្បួនគឺដូចតែគ្នា៖ ឲ្យតែមើលទៅស្រួលភ្នែក គេនឹងចំណាយពេលនៅលើ App របស់យើងកាន់តែយូរ។ Dark Mode អាចប្រែក្លាយការចូលមើលត្រឹម ៥នាទី ទៅជាការអង្គុយមើលរឿងរាប់ម៉ោងបានយ៉ាងងាយ ព្រោះវាបានផ្តល់ភាពងាយស្រួល និងមិនធ្វើបាបភ្នែករបស់យើង។